អត្ថន័យសង្ខេបក្នុងរឿង ​“​កូរ​សមុទ្រ​ទឹកដោះ​” ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ

0
97

រឿង​កូរ​សមុទ្រ​ទឹកដោះ​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ មាន​បណ្តោយ​ ៤៩​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ ដែល​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចង់​ថត​យក​រូបចម្លាក់​នេះ​គឺ​ពិបាក​ណាស់​, ​មិន​អាច​ថតឱ្យ​បាន​ទាំងអស់​ក្នុង​មួយ​ផ្ទាំង​នោះទេ ពីព្រោះ​វា​មាន​ប្រវែង​វែង​ពេក​, ​ចម្លាក់​នោះ​មាន​រូប​ក្រុម​អ​សុរៈ ​(​យក្ស​ ) ​នៅ​ខាងឆ្វេង​ដៃ ​ចំនួន​ ៩២​អង្គ និង​រូប​ក្រុម​ទេវៈ​នៅ​ខាងស្តាំ​ដៃ ​ចំនួន​៨៨​អង្គ ។ ​រឿង​កូរ​សមុទ្រ​ទឹកដោះ​នេះ ចាប់​មានកំណើត​ឡើង​តាំងពី​សតវត្សរ៍​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី​២ (១០៥០-១០៦៦)​ នៃ​គ្រិស្តសករាជ ក្នុង​រចនាបថ​បាពួន ។​

​តាម​ទេវ​កថា​រឿង​កូរ​សមុទ្រ​ទឹកដោះ​មានរៀបរាប់​ដូចតទៅ ​៖
​ ​ក្នុង​កាល​មួយ​នោះ​ ពួក​អ​សុរៈ ​(​មេ​យក្ស​) បាន​ដើរ​សាង​បាបកម្ម​រាតត្បាត​ដ៏​កាចសាហាវ ព្រៃផ្សៃ​ជាទី​បំផុត​មក​លើ​ពួក​ទេវៈ (​ពួក​ទេវតា​) ។ ​ដោយ​មិន​អាច​ឈរ​នៅ​ស្ងៀម​ចំពោះ​ភេរវកម្ម​បែបនេះ ពួក​ទេវៈ​មួយចំនួន​ក៏​នាំគ្នា​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​ប្រយុទ្ធ ប្រឆាំង តប​វិញ​ជាមួយ​ពួក​អសុរៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ការប្រយុទ្ធ​គ្នា​ចេះ​តែ​បន្ត​រហូត ​គ្មាន​អាក់ខាន​…​នៅតែ​គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្នះ​…​នាំ​ឱ្យ​អង្គ​ទេព​នីមួយៗ​ត្រូវ​ទ្រុឌទ្រោម​នឿយហត់ ។ ទេព​ទាំងនោះ​ក៏​នាំគ្នា​ផ្អាក​សកម្មភាព​វិវាទ​គ្នា ដោយ​ហោះហើរ​តាម​ផ្ទៃពពក​សំដៅទៅ​ឋាន​ព្រះ​ឥន្ទ្រាធិរាជ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជា​ថ្មី ដើម្បី​ផ្សះផ្សា​គំនុំសងសឹក​ប្រភព​ឋាន​ពីរ​គឺ ពួក​អសុរៈ ​និង​ពួកទេ​វៈ ។​

​ក្រោយ​ពី​ពួក​ទេវៈ និង​ពួក​អសុ​រៈរ៉ាយរ៉ាប់​ទូលថ្វា​យ​ពី​ដំណើរ​ហេតុការណ៍​វិបត្តិ​ទាំងឡាយ​ជូន​ដល់​ព្រះ​ឥន្ទ្រាធិរាជ​រួចហើយ ព្រះឥន្ទ្រ​ក៏​ត្រិះរិះ​ពិចារណា​មួយសន្ទុះ ទើប​មាន​ព្រះរាជបន្ទូល​ទៅកាន់​ពួក​ទេវៈ និង​ពួក​អសុ​រៈថា​៖ “​នែ​!​ ឯកអង្គ​ទាំងអស់គ្នា​…​ដើម្បីសេចក្តី​ស្ងប់ស្ងៀម​តាម​ពូជពង្ស​ដំណក់​លោហិត​រៀងៗ​ខ្លួន និង​ដើម្បី​រស់​នៅលើ​ពិភព​រស់នៅ​ផ្សេងៗ​គ្នា ឱ្យ​មាន​សេរីភាព​សុខសាន្តនោះ យើង​មាន​មធ្យោបាយ​មួយ គឺ​ត្រូវ “​កូរ​សមុទ្រ​ទឹកដោះ​” ដើម្បី​ស្វែងរក​ទឹកអម្រឹត​ជីវិត​អមតៈ ។​
​ ​
រាត្រីកាល​ក៏​ចូលមក​ដល់ ។ ពួក​ទេវៈ​ក៏​បាន​ប្រមូលផ្តុំ​គ្នីគ្នា​បញ្ចេញ​ញ​ព្រះតម្រិះ​រក​មធ្យោបាយ​ ដើម្បី​ដណ្តើម​យក​ជ័យជម្នះទៅលើ​ពួក​អ​សុរៈ ។ ពីព្រោះថា បើ​តាម​ការប៉ាន់ប្រមាណ​មើល​ទៅ ​ពួកខ្លួន​ជា​ទេវៈ​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​យកជ័យជម្នះ បាន​យ៉ាង​ងាយៗ​ទេ គឺមាន​តែ​ម្យ៉ាង​គត់​គឺ​ប្រើ​ល្បិច ។​

​ពួក​ទេវៈ​ក៏​ចូល​ទៅ​គាល់​ព្រះ​វិស្ណុ សុំ​ស្នើ​ដល់​ព្រះអង្គ​ឱ្យ​មាន​ជំនួយការ ។ ព្រះ​វិស្ណុ​ក៏​សន្យាថា នឹង​ជួយ​ដល់​ពួក​ទេវៈ ។ ​រាត្រីកាល​ក៏​កន្លងផុតទៅ ។ ពួក​អាទិទេព ពួក​ទេវៈ និង​ពួក​អសុរៈ​ជាច្រើនក៏​បាន​មក​ប្រាកដ​ព្រះកាយ​ជួបជុំគ្នា​នៅ​ភ្នំ​មន្ទរៈ តាម​ពាក្យពេចន៍​សន្យា ដើម្បី​យក​ភ្នំ​មន្ទរៈ​ធ្វើ​ជា​ស្នូល ហើយ​យក​ពស់នាគរាជ​ឈ្មោះ “​វ៉ា​សុ​គី​” ធ្វើ​ជា​ខ្សែព្រ័ត្រ សម្រាប់​ទាញ​កូរ​ចុះ កូរ​ឡើង ដោយ​ឱ្យ​ពួក​អសុរៈ​នៅ​ខាងក្បាល​ពស់នាគរាជ ​(ខាងឆ្វេង​) និង​ពួក​ទេវៈ​ឱ្យនៅ​ខាង​កន្ទុយ​ពស់នាគរាជ (​ខាងស្តាំ​) ។ ការ កូរ​ចុះ​កូរ​ឡើង​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​យ៉ាង​យូរ​ធ្វើឱ្យ​ភ្នំ​មន្ទរៈ ចាប់ផ្តើម​បាក់ស្រុត​ចុះទៅ​បាតសមុទ្រ​បន្តិច​ម្តងៗ ។ ដោយ មើលឃើញ​នូវ​ស្ថានភាព​បែប​នេះ​ហើយ ព្រះ​វិស្ណុ​ក៏​និម្មិត​ព្រះកាយ​កាឡាខ្លួន​ជា​សត្វ​អណ្តើក​មួយ​យ៉ាង​ធំ​ ឈ្មោះ “​កុមិ​” ដើម្បី​ធ្វើ​ជា ជំនួយ​ជួយ​ទ្រ​ភ្នំ​មន្ទរៈ​ឱ្យ​ខ្ពស់​ឡើង​មក​លើ ។​

​ភ្លាម​នោះ​ក៏​លេចចេញ​នូវ​បាតុភូត​ចម្លែកៗ​ជាច្រើន ដែល​ចុង​បំផុត​ថូ​ទឹកអម្រឹត​ក៏បាន​ផុស​ឡើង ហើយ​ពួក​អសុរៈក៏​ដណ្តើម​យក​បានមុន ។ ព្រះ​វិស្ណុ​ដែល​សន្យាថា​ជួយ​ពួក​អ្នក​ទេវៈ​នោះ ក៏​និម្មិត​កាឡាខ្លួន​ភ្លាម​ធ្វើ​ជា​ព្រះ​នាង​ទេពធីតា​ឋានសួគ៌​ឯក​ដ៏​ស្រស់ប្រិមប្រិយ​ចូលទៅ​ទាក់ទាញ​ចិត្ត​មេ​អ​សុរៈ ដើម្បី​ឱ្យ​បោះបង់ចោល​ទឹកអម្រឹត​ជីវិត​អមតៈ ។ ដោយ​ចាញ់​សម្រស់​ និង​ល្បិច​លួងលោម​របស់​ព្រះ​នាង​ទេពធីតា​ក្លែងក្លាយ​នោះ មេ​អសុរៈក៏​គ្រវែង​ទឹកអ​ម្រឹតជីវិ​ត​អមតៈនោះ​ចោល​ទៅ ។ ចំណែក​ឯ​ពួក​ទេវៈ ក៏​នាំគ្នា​រើសយក​មក​ផឹក​ក្រេប​បាន​គ្រប់ៗ​ព្រះអង្គ​កាយ ។​

​នៅ​ខ្លោងទ្វារ​ចូល​អង្គរធំ ឬ​ខ្លោងទ្វារ​ចូល​ទៅ​កាន់​ប្រាសាទព្រះខ័ន គេ​ក៏​សង្កេតឃើញ​មាន​រូបចម្លាក់​ព្រះ​បដិមា​ជាច្រើន​មានមាឌ​ធំៗធ្វើ​ចលនា​រស់​រវើក ដែល​តម្រៀប​គ្នា​ជា​ជួរ​ទាញ​ដងខ្លួន​ពស់នាគរាជ​វ៉ា​សុ​គី​ឈរ​នៅ​អម​សងខាង​ ផ្លូវ នោះ​ក៏​ជា​រឿងរ៉ាវ​មួយ​នៃ​អាទិទេព “​កូរ​សមុទ្រ​ទឹកដោះ​” ផងដែរ ។​

​រឿង “​កូរ​សមុទ្រ​ទឹកដោះ​” ​នេះ ដែល​មាន​តួអង្គ​អ​សុរៈ និង​តួអង្គ​ទេវៈ គឺជា​និមិត្តរូប​នៃ​ការប្រកួតប្រជែង​ខាង​មហិទ្ធិប្ញទ្ធិ​វេទមន្ត​ដណ្តើម​យក​ទឹកអម្រឹត​ជីវិតអ​មតៈ​នៅ​ឯ​ភ្នំ​មន្ទរៈ ដើម្បី​ជា​ភាព​សុខក្សេមក្សាន្ត សម្បូរ​សប្បាយ រុងរឿង និង​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ក្នុងប្រទេស​កម្ពុជា​យើង ៕

សរុបសេចក្ដីមក រូបចម្លាក់ព្រះបដិមាជាច្រើននោះបាន មានមុខមាត់មិនដូចគ្នា ព្រោះតែ ម្ខាងជាពួក អសុរៈ(ពួកមេយក្ស) និងម្ខាងទៀតជាពួកទេវៈ(ពួកទេវតា) ដែលបានធ្វើសឹកសង្គ្រាមជាមួយគ្នា ។

ប្រភពពី CEN.

LEAVE A REPLY

Please enter your comment!
Please enter your name here