យានរុករកថ្មី ExoMars-2020 ទៅភពអង្គារ នឹង​​ត្រូវ​បាញ់បង្ហោះ​ដោយរុស្ស៊ី នៅឆ្នាំ២០២០

0
56

(ម៉ូស្គូ)៖ គម្រោងចាប់ផ្តើមបាញ់បង្ហោះយាន «បេសកកម្ម ExoMars-2020» ចេញពីមូលដ្ឋាន Baikonur Cosmondrome ក្នុងប្រទេសកាហ្សាក់ស្ថាន ទៅកាន់ភពអង្គារ (Mars) ត្រូវបានគេកំណត់ពេលវេលាថា នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៣ តុលា ឆ្នាំ២០១៧។

លោក Daniil Rodionov ប្រធានវិទ្យាស្ថានស្រាវជ្រាវអវកាស នៃបណ្ឌិតសភាវិទ្យាសាស្រ្តរុស្ស៊ី បានថ្លែងឲ្យដឹងថា «កាលបរិច្ឆេទសម្រាប់ការបាញ់បង្ហោះ ExoMars-2020 គឺនៅឆ្នាំ២០២០ ពោលគឺប្រហែលនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០»។ លោក Rodionov បានបន្ថែមទៀតថា ឧបករណ៍សម្រាប់ចុះចត ដែលផលិតឡើងដោយរុស្ស៊ី រួមទាំងយានរ៉ូវើ (Rover) ដែលផលិតឡើងដោយអឺរ៉ុប នឹងត្រូវបញ្ជូនទៅកាន់ទីតាំងបាញ់បង្ហោះ Baikonur Cosmondrome នៅខែមីនា ឆ្នាំ២០២១ ស្របពេលដែលដំណើរការនៃការចុះចតនៅភពព្រះអង្គារ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២១។

ExoMars គឺជាបេសកកម្មរួមរវាង ទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ដែលមានគោលដៅ ដើម្បីស្វែងរកភស្តុតាង បញ្ជាក់ពីវត្តមាននៃសារធាតុមេតាន (Methane) នៅក្នុងបរិយាកាសរបស់ភពក្រហមនេះ ដែលអាចឈានរកការទទួលស្គាល់ថា អំពីវត្តមាននៃជីវិតក្នុងទម្រង់ ឬសម័យកាលណាមួយ នៅលើភពអង្គារប្រាកដមែន។ ដោយឡែក លោក Rodionov បានឲ្យដឹងទៀតថា កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមបេសកកម្ម ExoMars-2020 ត្រូវបានលើកពីឆ្នាំ២០១៨ ទៅកាន់ឆ្នាំ២០២០ គឺដើម្បីតែធានាការពារយាននៃគម្រោងនេះ ពីឥទ្ធិពលនៃព្យុះធូលីនៅលើភពព្រះអង្គារ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៦ គ្រាប់រ៉ុក្កែតធុន Proton-M របស់រុស្ស៊ី ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស ដោយនាំយកទៅជាមួយនូវផ្កាយរណប TGO រួមទាំងយានចុះចត Schiaparelli របស់បេសកកម្ម ExoMars ចេញពីមូលដ្ឋាន Baikonur Cosmodrome។ យាន Schiaparelli ដែលត្រូវគេបម្រុងថា នឹងប្រើប្រាស់ដើម្បីធ្វើការតេស្តបច្ចេកវិទ្យា សម្រាប់ដំណើរបេសកកម្ម ExoMars បន្ទាប់លើកទីពីរនាឆ្នាំ២០២០ ខាងមុខនេះនោះ ត្រូវបានទម្លាក់ខ្លួនចេញពី TGO កាលពីខែតុលា ឆ្នាំដដែល ក៏ប៉ុន្តែមិនបានទៅដល់ផ្ទៃនៃភពអង្គារដោយជោគជ័យតាមការគ្រោងទុកឡើយ។ ទីភ្នាក់ងារ ESA បានបញ្ជាក់ថា យានចុះចត នេះបានធ្លាក់ខ្ទេចនៅលើ Mars៕

LEAVE A REPLY

Please enter your comment!
Please enter your name here