សាកសព​​ជនជាតិ​រ៉ូហ៊ីងយ៉ា​សរុប ២៦នាក់ ភាគច្រើន​ជា​កុមារតូចៗ ត្រូវ​បាន​​ស្រង់​ចេញ​ពី​ក្នុង​ទន្លេ ក្រោយ​ទូក​ពួកគេ​ជិះ​បាន​ក្រឡាប់លិច

0
29

(បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលជនជាតិរ៉ូហ៊ីងយ៉ាដែលបានស្លាប់ក្នុងការលិចទូក ត្រូវបានរកឃើញកើនឡើងដល់ ២៦នាក់ ហើយក្នុងនោះភាគច្រើនសុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនជាច្រើននាក់ទៀត កំពុងតែបន្តឈានចូលថ្ងៃទី២។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

បើតាមក្រុមឆ្មាំការពារព្រំដែនបង់ក្លាដែស ទូកខាងលើផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែលជាង ៥០នាក់ (លើសកំណត់) បានក្រឡាប់លិចនៅទន្លេ ណាហ្វ (Naf) ដែលខណ្ឌចែកប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស ខណៈមកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះនៅបន្តការងាររបស់ពួកគេនៅឡើយ។ ដោយឡែក ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ានេះដែរ ក្រុមមន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ប្រជាជនរ៉ូហ៊ីងយ៉ារាប់សិបនាក់បានស្លាប់ នៅពេលព្យាយាមឆ្លងកាត់ព្រំដែន ចូលទៅក្នុងទឹកដីប្រទេសបង់ក្លាដែស ដោយមានអ្នកខ្លះស្លាប់ដោយជាន់មីន រីឯអ្នកខ្លះទៀតបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់លិចទូក។

គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងកាលពីខែសីហា ហើយរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី បានទម្លាក់កំហុសទៅលើ ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ព្រមទាំងអះអាងដែរថា អ្វីដែលយោធា និងរដ្ឋាភិបាល កំពុងធ្វើគឺដើម្បីការពារជនស៊ីវិលប៉ុណ្ណោះ។ ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្ស បានថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រាប់ការបរាជ័យក្នុងការការពារជនស៊ីវិល រីឯអង្គការសហប្រជាជាតិ បានព្រមានពីអំពើប្រល័យពូជសាសន៍ លើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលជាភៀស ខ្លួនខុសច្បាប់នៅក្នុងកែវភ្នែកប្រជាជនមីយ៉ាន់ម៉ា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here