តើអក្សរ​ខ្មែរ​មាន​ប្រវត្តិ​ចេញ​មក​ពី​ណា?

0
157

ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ គឺតែងតែបានទទួលឥទ្ធិពលលើផ្នែកអក្សរសាស្ត្រ ភាសា​ និង​អរិយធម៌​ពីគ្នា​ទៅវិញ​ទៅមក​តាម​រយៈ​ទំនាក់​ទំនង។ ​បើនិយាយ​អំពី​អក្សរ​ ដើម​ឡើយ​មាន​កំណើត​ចេញ​ពី​ប្រភព​តែ​មួយ​ប៉ុណ្ណោះ ​លុះក្រោយ​មក​ក៏​បាន​បែង​ចែក​ទៅជា​អក្សរ​ផ្សេងៗ​គ្នា​ដូច​​ក្រុម​មនុស្ស​ ​និង​​ភាសា​ដែរ​។​ ការខុស​ប្លែក​គ្នា​នេះ ​វា​អាស្រ័យ​ទៅ​នឹង​ការ​បែង​ចែក​តំបន់​រស់នៅ ​ពេលវេលា ​និងគំនិត​ច្នៃ​ប្រឌិត​របស់​ជាតិ​ពន្ធុ​នីមួយៗ។​ ឆ្លង​កាត់​ដំណើរ​វិវត្ត​ជាច្រើន​ពាន់​ឆ្នាំ នាំឱ្យ​មនុស្ស​បង្កើត​បាន​ជាតិ​សាសន៍​ ភាសា ​អក្សរ​ និង​វប្បធម៌​ផ្សេងៗ​គ្នា​ពាស​ពេញ​ពិភពលោក។​

នៅប្រមាណ៤០០០ឆ្នាំមុនគ.ស ជនជាតិអេស៊ីបបានបង្កើតរូបនិងគំនូសផ្សេងៗតាងឱ្យមនុស្ស សត្វ វត្ថុ និងអ្វីៗដែលពួកគេចង់​និយាយ។​ រូប​និង​គំនូស​ទាំង​អស់​នោះ​ហៅថា​ សក្តិលេខ[1]។ លុះដល់​ប្រមាណ​ ២០០០ឆ្នាំមុនគ.ស ​ចិនបាន​បង្កើត​សក្តិលេខ​ដែរ​ តែ​សក្តិលេខ​ចិន​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង​អេស៊ីប។​ ក្រោយ​មក​ទៀត ​ប្រវត្តិវិទូ​បាន​ស្រាវជ្រាវ​រក​ឃើញថា​ ជនជាតិ​ហ្វេនីស៊ី ​(Phenicien) ជា​អ្នក​ដែល​បាន​បង្កើត​ឱ្យ​មាន​តួអក្សរ​ជា​ដំបូង​គេ​បង្អស់ ​ហើយ​អក្សរហ្វេនីស៊ី​នេះ​ បាន​ផ្តល់​កំណើត​ឱ្យ​មាន​ជា​អក្សរ​ផ្សេងៗ​ទៀត​ក្នុង​លោក​ដូច​ជា ​អក្សរក្រិក អក្សរឡាតាំង អក្សរព្រាហ្មី​នៅ​ឥណ្ឌា​ជាដើម[2]។ ​អក្សរព្រាហ្មី​នេះ​បាន​កើត​ឡើង​នៅ​ប្រមាណ ១០០០ឆ្នាំមុនគ.ស​ ដែល​ពួក​ព្រាហ្មណ៍​គិត​ថា​អក្សរ​នេះ​បង្កើត​ឡើង​ដោយ​អទិទេព។​ អក្សរព្រាហ្មី​នេះ​បាន​ផ្តល់​កំណើត​ឱ្យ​មាន​អក្សរ​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ប្រទេស​ឥណ្ឌា ហើយ​ក្នុង​ចំណោម​នោះ អក្សរទេវនាគរី ត្រូវ​បាន​គេស្គាល់​ច្រើន​ជាង​គេ ​និង​ត្រូវ​បាន​គេយក​មក​កត់ត្រា​ភាសា​សំស្ក្រឹត។

ចុះអក្សរខ្មែរមានកំណើតពីណាមក?

នៅស.វ.ទី១នៃគ.ស. ឥណ្ឌាបានបង្ហូរឥទ្ធិពលរបស់ខ្លួនចូលមកអាណាចក្រខ្មែរតាមរយៈព្រះបាទកៅណ្ឌិន្យឬព្រះបាទ​ហ៊ុនទៀន ​ដែលបាន​មក​សោយរាជ្យ​នៅ​នគរ​ភ្នំ។ ​ស្តេច​អង្គ​នេះ​ប្រហែល​ជា​បាន​នាំ​មក​នូវ​សាសនា ​វប្បធម៌ នយោបាយ ភាសា ​អក្សរសាស្ត្រ​បែប​ឥណ្ឌា​ចូល​មក​យ៉ាង​ច្រើន ​ជា​ហេតុ​ទំនង​បាន​ធ្វើ​ឱ្យ​ខ្មែរ​សម័យ​នោះ​ធ្វើ​អក្ខរោបនីយកម្ម​ [3]​ពី​អក្សរព្រាហ្មី ​ដើម្បី​កត់​ត្រា​សូរ​សៀង​ភាសា​ខ្មែរ ​និង​សំស្ក្រឹត ​ម្យ៉ាង​ដើម្បី​ឱ្យ​ស៊ី​សង្វាក់​នឹង​សាសនា​ដែល​ប្រើ​ភាសា​បាឡី​សំស្ក្រឹត​ផង​ដែរ។​ ភស្តុតាង​មួយ​បាន​បញ្ជាក់​ថា ​គេ​បាន​រក​ឃើញ​នូវ​ប្រាក់​កាក់​របស់​ឥណ្ឌា​នៅ​អូកែវ ​(អតីត​កំពង់​ផែ​របស់​ខ្មែរ​នៅ​មាត់​សមុទ្រ​កម្ពុជា​ក្រោម) ​ដែលនៅ​លើកាក់​នោះ​មាន​ចារ​អក្សរព្រាហ្មី ​ហើយ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​អក្សរ​ខ្មែរ​បូរាណ​ដែរ។​ ស្រប​នឹង​សម័យកាល​មុន​ខ្មែរ​និង​ឥណ្ឌាមាន​ទំនាក់​ទំនង​គ្នា​ផងនោះ​ គេ​ក៏សន្និដ្ឋាន​ថា អក្សរខ្មែរ​ប្រហែល​ជា​បាន​ធ្វើ​អក្ខរោបនីយកម្ម​ពី​អក្សរព្រាហ្មី​ពិត​មែន។

មានភស្តុតាងខ្លះទៀតបញ្ជាក់ថា តាមការសិក្សាប្រៀបធៀបអក្សរខ្មែរបូរាណ ទៅនឹងអក្សរឥណ្ឌាប៉ែក​ខាង​ត្បូង ​គេបានដឹង​ថា​វា​មាន​ទ្រង់​ទ្រាយ​ប្រហាក់​ប្រហែល​គ្នា។ ​គេបាន​ប្រដូច​អក្សរ​ខ្មែរ​បូរាណតាំ​ង​ពី​សម័យ​នគរ​ភ្នំ​ថា​មាន​សណ្ឋាន​ដូច​អក្សរ​នៅ​ឥណ្ឌា​ខាង​ទក្ខិណាបថ ​គឺ​អក្សរ​​នៅសម័យ​បល្លវៈ និង​ចាលុក្យៈ ដែ​ល​ជា​អក្សរព្រាហ្មី[4]។ អ្នកប្រាជ្ញបារាំងលោក អូហ្គូសបាថ៌ ​បាន​សរសេរ​ប្រៀប​ធៀប​អក្សរ​ខ្មែរ​យើង​ថា៖​

១. អក្សរចារឹកនៃព្រះបាទស្រីមារៈ នៅវ៉ូកាញ់ (សិលាចារឹកវ៉ូកាញ់) ដូចអក្សរនៃសិលាចារឹករបស់ព្រះបាទ រុទ្រទាមន៍នៅ​គិរនារ ​ឬដូច​អក្សរ​នៃ​សិលាចារឹក​សាតកណ៍ វាសិម្ធីបុត្រ នៅកាន់ហេរី

២. អក្សរនៃសិលាចារឹកហាន់ជ័យ ខេត្តកំពង់ចាម ដូចនឹងអក្សរនៃសិលាចារឹក បាបបាថ នៅបត្តកល

៣. អក្សរនៃសិលាចារឹកបាយ៉ាំង ខេត្តតាកែវ ដូចគ្នានឹងអក្សរនៃសិលាចារឹក មង្គលីក នៅបាទាមិ [5] ។

នៅស.វទី៧ មហាសករាជ៥៣៣ ត្រូវនឹងគ.ស.៦១១ អក្សរខ្មែរកម្លាយពីអក្សរព្រាហ្មីនេះបានមានវត្តមាននៅលើសិលាចារឹក​ទួលវត្តគំនូរ ​k៦០០ ​ដែល​ជា​សិលាចារឹក​ភាសាខ្មែរ​ចាស់​ជាង​គេ ​(សិលាចារឹក​ភាសាខ្មែរ​ដែល​មាន​កាល​បរិច្ឆេទ)​ នៅ​លើ​សិលា​ចារឹក​វត្តស្វាយ​ចេក ​​និង​នៅ​លើ​សិលាចារឹក​ផ្សេងៗ​ទៀត​ដែល​អាច​មាន​ចំណាស់​ភាព​ជាង​នេះ​ទៅ​ទៀត។ ក្រោយ​មក​អក្សរ​បែប​នេះ​ត្រូវ​បាន​ប្រើប្រាស់ ​និង​ចារឹក​នៅ​លើ​ផ្ទាំង​សិលា​ក្នុង​សម័យ​ក្រោយៗ​មក​ទៀត​ ដោយ​ឆ្លង​កាត់​ដំណើរ​វិវត្ត​ទាំង​រូប​និងសូរ​ជាច្រើន​លើក​ច្រើនសា រហូត​មក​ដល់​បច្ចុប្បន្ននេះ​។

អក្សរសិលាចារឹកទួលវត្តគំនូរ k៦០០

សូមបញ្ជាក់ថា នេះគ្រាន់តែជាការដកស្រង់ និងធ្វើការសន្និដ្ឋានប៉ុណ្ណោះ វាពុំមែនជាភស្តុតាងមួយរយភាគរយ​បញ្ជាក់​ថា ​អក្សរ​ខ្មែរ​មាន​ប្រវត្តិ​ដូច​ទៅ​នឹង​ការ​រៀបរាប់​ខាង​លើ​នេះទេ។​ យ៉ាង​ណាក៏​ដោយ​ តួនាទី​នេះ​ទុក​ឱ្យ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ពិសេស​ប្រវត្តិវិទូ​ដែល​សិក្សា​អំពី​ប្រវត្តិអក្សរ​ខ្មែរ​ទៅ​ចុះ ទើប​អាច​បញ្ជាក់​បាន​ច្បាស់​លម្អិត​អំពី​រឿង​រ៉ាវ​នេះ៕

យោង៖
[1]. លោក ឌឹក គាម បានសរសេរនៅក្នុង ចលនាអក្សរខ្មែរ ចុះផ្សាយក្នុងកម្ពុជាសុរិយាឆ្នាំ១៩៦៥ ថា​ នៅប្រមាណ ​៣០០០ឆ្នាំ​មុន​គ.ស. អេស៊ីប​បាន​បង្កើត​សក្តិលេខ​ឡើង។ ចំណែកឯអ្នកស្រី ត្រឹង ងារ បាន​សរសេរ​នៅ​ក្នុង​សៀវភៅ ​អរិយធម៌ខ្មែរ ​បោះពុម្ព​ឆ្នាំ​១៩៧៤​ ថា ​អេស៊ីបបា​ន​បង្កើត​សក្តិលេខ​នេះ​មុនគេ ​គឺ​តាំង​ពី​ប្រមាណ៤០០០ឆ្នាំមុនគ.ស.។
[2]. អ្នកស្រី ត្រឹង ងា, អរិយធម៌ខ្មែរ, បោះពុម្ពឆ្នាំ១៩៧៤។
[3]. អក្ខរោបនីយកម្ម = អក្ខរ+ឧបនីយកម្ម មានន័យថា កម្លាយអក្សរ
[4]. សូមអាន ឌឹក គាម, វិវត្តអក្សរខ្មែរ, កម្ពុជសុរិយា, ១៩៦៥។
[5]. មីសែល ត្រាណេ, អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨។ និង ឌឹក គាម, ការសិក្សាវិវត្តន៍នៃអក្សរខ្មែរ

អត្ថបទ៖ លីដា អំណត់

LEAVE A REPLY

Please enter your comment!
Please enter your name here